រថយន្តដឹកឈើចំនួន៣គ្រឿងរបស់ក្រុមមេឈ្មួញជើងខ្លាំងឈ្មោះតុលាត្រូវបានបង្ក្រាបពីកម្លាំងអាជ្ញាធរខេត្តព្រះវិហារ
ព្រះវិហារ ៖ បង្ក្រាបរថយន្តដឹកឈើ បានចំនួន បី គ្រឿង នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ រថយន្តដឹកឈើលេខ២ ចំនួន ១ គ្រឿង ម៉ាកសាំយ៉ុង ពណ៌លឿង ចាប់នៅព្រំប្រទល់ ជីអោក និងរថយន្តដឹកឈើលេខ១ ចំនួន ២ គ្រឿងទៀត ម៉ាកតូយ៉ូតា សុីណា ១ គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2E 0893 និងរថយន្តម៉ាកតូយ៉ូតា ហាយឡេនឌ័រ ពណ៌ស ដឹកឈើប្រភេទលេខ១ សុក្រម ពេញឡាន ជារថយន្តរបស់ក្រុមមេឈ្មួញជើងខ្លាំង ឈ្មោះ តុលា ចាប់បាន នៅភូមិទួលឈ្នួន ឃុំរុះរាន់ ស្រុករវៀង ខេត្តព្រះវិហារ ។
លោក នួន សុខុម បានឱ្យដឹងទៀតថា នៅម៉ោង ៥ ល្ងាច រថយន្តសាំយ៉ុងដឹកឈើលេខ ២ ចេញពីស្រុករវៀង យកទៅកំពង់ធំ លោកបានផ្តល់ដំណឹង ទៅកម្លាំងនគរបាលសេដ្ឋកិច្ច ខេត្ត ប្រចាំការនៅព្រំប្រទល់ ឃាត់រថយន្តដឹកឈើនេះ យកមករក្សាទុកនៅសង្កាត់រដ្ឋបាល ព្រៃឈើរវៀង ។ នៅយប់ថ្ងៃដដែលនោះ លោកបានដឹកនាំកម្លាំងចម្រុះ ចុះទៅដល់ភូមិ ឃុំ ខាងលើ បានប្រទះឃើញក្រុមរថយន្តដឹកឈើ លេខ១ ចំនួន ២ គ្រឿង បម្រុងដឹកចេញ ប៉ុន្តែត្រូវបានកម្លាំងយើង ស្ទាក់ចាប់បាន ។ ចំណែកតៃកុងរថយន្ត បានរត់គេចខ្លួនបាត់ ។
កម្លាំងរដ្ឋបាលព្រៃឈើព្រះវិហារ បានយកចិត្តទុកដាក់ខ្ពស់ បំផុត ចំពោះការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រួមទាំង ការទប់ស្កាត់ និងដកហូតបាន ការរុករាន កាន់កាប់ដីព្រៃ មកទុកជាសម្បត្តិរដ្ឋ វិញផងដែរ ។
លោក នួន សុខុម បានសុំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសបងប្អូនអ្នកសារព័ត៌មាន ចូលរួមសហការផ្តល់ព័ត៌មាន ដល់សមត្ថកិច្ច ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ឋភាព។ ពិតណាស់ ការការពារធនធានធម្មជាតិ តម្រូវឱ្យមាន ការចូលរួមពីគ្រប់មជ្ឈដ្ឋាន បើពឹងផ្អែកតែលើជំនាញមិនគ្រប់គ្រាន់ទេ ។ ករណីបង្ក្រាបរថយន្តដឹកឈើនេះ កម្លាំងជំនាញ បន្តស្រាវជ្រាវ រកមុខសញ្ញា ដើម្បីកសាងសំណុំរឿង ចាត់ការ ទៅតាមនីតិវិធីច្បាប់ ។ ចំណែកវត្ថុតាង មានរថយន្តចំនួន បី គ្រឿង រួមទាំងឈើមួយចំនួន ត្រូវបានរឹបអូស យកមករក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ ៕
No comments:
Post a Comment