ពិធីប្រគល់ផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ជូនបងប្អូនអតីតយុទ្ធជន ចំនួន០៨ខ្នងផ្ទះ
នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានដឹកនាំរៀបចំពិធីចុះសួរសុខទុក្ខ និងប្រគល់ផ្ទះជូនបងប្អូនអតីតយុទ្ធជនកម្ពុជា នៅស្រុកបាធាយ ចំនួន០៥ខ្នងផ្ទះ និងស្រុកជេីងព្រៃ ចំនួន០៣ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
ដោយមានការអញ្ជេីញចូលរួមពីលោកអភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនស្រុក លោកប្រធានក្រុមប្រឹក្សាស្រុក ក្រុមការងារលេខាធិការដ្ឋានខេត្ត លោកប្រធាន-អនុប្រធាន គណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុក លោកប្រធានកិត្តិយសសមាគមអតីតយុទ្ធជន ឃុំ លោកប្រធានសាខា សមាគមអតីតយុទ្ធជន ឃុំ និងសមាជិកសមាជិកាពាក់ព័ន្ធជុំវិញស្រុកបាធាយ និងស្រុកជេីងព្រៃ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម និងលោកប្រធានកិត្តិយសស្រុកបាធាយ និងស្រុកជេីងព្រៃ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានដូចជា ថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត ឧបត្ថម្ភដល់បងប្អូនអតីតយុទ្ធជន ចំនួន៨គ្រួសារ និងឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋដែលបានអញ្ជេីញចូលរួមចំនួន ៣០នាក់ផ្សេងទៀត ផងដែរ ។
សូមបញ្ជាក់ផងដែរថា ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ចំពោះការលេីកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនសម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់នូវការសាងសង់ផ្ទះជូនបងប្អូនអតីតយុទ្ធជន សម្រាប់ខេត្តកំពង់ចាម ជាជំហានទី៤ បន្ថែមចំនួន២០ខ្នងផ្ទះ និងបានសាងសង់រួចជាបន្ដបន្ទាប់ និងបានរៀបចំពិធីប្រគល់នៅថ្ងៃនេះបានចំនួន៨ខ្នងផ្ទះ និងត្រៀមរៀបចំពិធីប្រគល់ផ្ទះជូនបងប្អូនបន្ដទៀត នៅពេលឆាប់ៗ ខាងមុខនេះ ។
No comments:
Post a Comment