នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានគណនី facebook ឈ្មោះ: My Heng និងគេហទំព័រ បណ្តាញសារព័ត៌មានមួយចំនួនក្នុងfacebook ធ្វើការបង្ហោះជាសាធារណៈពាក់ព័ន្ធនឹងខ្លឹមសារថា នាយប៉ុស្តិ៍ នគរបាលមហាលាភ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន បានយកស្រីកំណាន់មកដេក នៅស្នាក់ការប៉ុស្តិ៍ ត្រូវប្រពន្ធតាមទាន់ឈ្លោះគ្នាផ្អើលសាលាឃុំ ។
ក្រោយទទួលព័ត៌មានភ្លាម និងទទួលបានបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី ហេង វទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស និងក្រុមប្រឹក្សាវិន័យ ធ្វើការកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ មក ធ្វើការសាកសួរ និងបំភ្លឺជាបន្ទាន់ ព្រោះសកម្មភាពនេះ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សមត្ថកិច្ចនគរបាលជាតិ ជាពិសេសគឺ កិត្តិយសអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមតែម្តង ។ ចំពោះ ការបង្ហោះផ្សាយខាងលើ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងប្រជាពលរដ្ឋ ទូទៅ ជាអ្នកនិយមតាមដាននៅព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម facebook ទទួល ជ្រាបថា លោកវរសេនីយ៍ត្រី ថៃ សុភា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ បានជាប់ក្របខ័ណ្ឌនគរបាលជាតិ ក្នុងឆ្នាំ២០១១ និងបានបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ពិសេសលើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទទួលបានការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ផ្តល់តួនាទីនិងតម្លើឋានន្តរសក្តិបន្តបន្ទាប់ រហូតក្លាយ
ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅឆ្នាំ២០២១ ។ ពាក់ព័ន្ធនឹងរឿងរ៉ាវផ្ទាល់ខ្លួន ឈានដល់ការបង្ហោះ យោងតាមការបំភ្លឺរបស់សាមីខ្លួន, តាមការបក ស្រាយរបស់នារី ដែលត្រូវបានចោទប្រកាន់ ដែលព្យាយាមបកស្រាយនៅស្នាក់ការប៉ុស្តិ៍ និងការបង្ហោះក្នុងគណនី ហ្វេសប៊ូក អះអាងថាគាត់មិនពាក់ព័ន្ធនឹងលោក ថៃ សុភា រួមនឹងការអះអាងរបស់មន្ត្រីរួមអាជីពពាក់ព័ន្ធនឹងករណី ខាងលើគឺ លោក ថៃ សុភា និងភរិយា ដែលទៅធ្វើការនៅភ្នំពេញរយៈពេល២ឆ្នាំកន្លងមកហើយ ម្យ៉ាងទៀតស្ត្រី ជាភរិយា ទើបតែនឹងត្រឡប់មករួមរស់ ជាមួយនាយប៉ុស្តិ៍ត្រឹមតែរយៈពេល២ខែ ឈានដល់កើតហេតុតែម្តង ។ បើ ក្រលេកមើល ពេលវេលាកើតហេតុ លោកនាយប៉ុស្តិ៍ ក៏មិនស្ថិតនៅនឹងប៉ុស្តិ៍ដែរ គឺលោកនៅជាប់បំពេញភារកិច្ច ល្បាត នឹងការពារពិធីបុណ្យ ដែលមានការសម្តែងល្ខោននៅនឹងវត្ត ចំពោះការសន្មត់យ៉ាងណាទៀតនោះ ក៏ពុំទាន់ ជាក់លាក់ ព្រោះទាំងនៅទីកន្លែង និងពេលវេលាកើតហេតុ គឺក្រុមគ្រួសារ ដែលត្រូវបានចោទប្រកាន់មានគ្នាដល់ ទៅបីនាក់ រួមទាំងម្តាយនឹងកូន ដែលពិបាកឈានដល់ការកើតរឿងផ្តេសផ្តាស ។
បច្ចុប្បន្ននេះ លោកវរសេនីយ៍ត្រី ថៃ សុភា ត្រូវបានក្រុមប្រឹក្សាវិន័យអញ្ជើញមកបភ្លឺ នៅការិយាល័យ បុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត និងផ្អាកការងារបណ្តោះអាសន្ន រង់ចាំការស្រាវជ្រាវឲ្យបានច្បាស់លាស់ និងមានចំណាត់ការជាថ្មី ។ ដោយឡែក នៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំមហាលាភ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សម្រេចចេញលិខិតបង្គាប់ការជូន លោកអនុសេនីយ៍ឯក ទុំ ម៉ៅ នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្ដីទី ដើម្បីគ្រប់គ្រងបញ្ហាដឹកនាំកម្លាំងក្នុងស្នាក់ការប៉ុស្តិ៍ ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃ រហូតដល់មានការសម្រេចជាថ្មី ។
ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវ ដល់សាធារណជន ក៏ដូចជា
អ្នកប្រើប្រាស់បណ្តាញសង្គមកុំទាន់មានការយល់ច្រឡំ ជៀសវាងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសនារីរងគ្រោះ
និងកិត្តិយសអង្គភាពយើងខ្ញុំ ព្រោះរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការស្រាវជ្រាវ ពេលបានជាក់លាក់
យើងខ្ញុំនឹងមានការបំភ្លឺជាថ្មី ។
ថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
កំពង់ចាម, ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕
No comments:
Post a Comment