ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បញ្ឈប់ការនិយាយទាក់ទងរឿងកំពង់ផែសមុទ្ររាម និង លែងឱ្យមានការធ្វើទស្សនកិច្ចកំពង់ផែនេះតទៅទៀត ។
ថ្លែងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ និងសមិទ្ធផលនានា ក្នុងខេត្តព្រះសីហនុ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចនឹងមិននិយាយអ្វីទៀត នោះទេទាក់ទងកំពង់ផែរាម ខណៈដែលសហរដ្ឋអាមេរិក បានចោទកម្ពុជាថាបានឱ្យចិនធ្វើជាមូលដ្ឋានទ័ពនៅទីនោះ ។
សម្តេចតេជោ បានបញ្ជាក់ថា កំពង់ផែរាម មិនមែនជាកន្លែងចោរលួច ឬចោរប្លន់ ដែលត្រូវការទៅចុះឆែកឆេរនោះទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិនផងដែរ ។
សំឡេង « ខ្ញុំមិននិយាយតទៅទៀតទេ រឿងកំពង់ផែរាម ឈប់និយាយ ខ្ញុំបានប្រាប់ទៅសម្តេចពិជ័យសេនាទៀបាញ់ ហើយឈប់និយាយរឿងកំពង់ផែនរាម អ្នកណាចង់សុំទៅទស្សនកិច្ចអីមិនបាច់ឱ្យទៅទេ ព្រោះកំពង់ផែរាមមិនមែនជាកន្លែងចោរលួច ចោរប្លន់នោះទេ អ្នកឯងចង់ថាម៉េចថាទៅ ។ ឱ្យទៅមើលហើយមិនអស់ចិត្ត កន្លែងនេះមិនមែនជាកន្លែងដែលអ្នកឯងចង់ទៅឆែកឆេរ អ្នកឯងដើរតួជាអ្វី ខ្ញុំឱ្យទៅទស្សនកិច្ច ហើយអ្វីទៅហៅទស្សនកិច្ច វាខុសពីការចុះធ្វើអធិការកិច្ច ឬឆែកឆេរ ឱ្យដឹងភារកិច្ចផង » ។
គួររំលឹកថា សារព័ត៌មានមួយចំនួនរបស់អាមេរិក បាន វាយប្រហារជាបន្តបន្ទាប់ថា កម្ពុជាបានអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេស នៅតំបន់រាម ខណៈដែលកម្ពុជា បានបំភ្លឺម្តងហើយម្តងទៀតថា ខ្លួនមិនអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេសនោះឡើយ ហើយក៏មិនមានមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជាដូចការផ្សព្វផ្សាយបំភ្លៃនោះដែរ។ រដ្ឋធម្មនុញ្ញ បានចែងច្បាស់ហើយថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅក្នុងប្រទេសរបស់ខ្លួនទេ ហើយយើងក៏មិនមានមូលដ្ឋានទ័ពនៅក្រៅប្រទេសដែរ ។
ពាក់ព័ន្ធករណីកំពង់ផែរាមនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ធ្លាប់បានបញ្ជាក់ឱ្យដឹងថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែប ក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយ និងទំនើបជាងមុនប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីសាងសង់រួច កម្ពុជាទេជាអ្នកប្រើប្រាស់នូវកំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខ ដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា បើសិនជាពឹងលើលទ្ធភាពរបស់កម្ពុជាខ្លួនឯង ប្រហែលជាសាងសង់មិនទាន់រួចទេ ដោយសារតែកំពង់ផែនេះទំនើប និងធំទូលាយទាន់សម័យ ដូច្នេះមានតែស្វែងរកដៃគូផ្តល់ជំនួយប៉ុណ្ណោះ ៕ដេោយ៖ យី វិច្ឆិកា
No comments:
Post a Comment