តាកែវ : ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានខ្សឹបខ្សៀវនិងចោទជាសំណួរថា តើ លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ខេត្តតាកែវ មានអំណាចឥទ្ធិពល បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងបន្លែផ្លែឈើមានផ្ទុក សារធាតុគីមីយ៉ាងគំហុកឬ ?
ប្រភពខ្សឹបទៀតថា ទំនិញច្រើនប្រភេទដែលឈ្មួញនាំចូលតាមច្រកភ្នំដិន បង់ពន្ធត្រឹម៣៥ទៅ៤០ភាគរយប៉ុណ្ណោះ ។ ក្រៅពីនេះគឺឈ្មួញឃុបឃិតបែងចែកផលប្រយោជន៍ជាមួយលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន យ៉ាងរលូន។
បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំនងជាមើលរំលង លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ហើយមើលទៅ ។
ប្រភពពីគយនៅច្រកភ្នំដិន បានឲ្យដឹងបន្ថែមថា ក្រៅពីទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ហូរចូលតាមច្រកភ្នំដិន យ៉ាងពេញបន្ទុកគឺបន្លែផ្លែឈើមានផ្ទុកសារធាតុគីមី និងកាកសំណល់ផ្សេងៗក៏លោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បើកដៃឲ្យឈ្មួញនាំចូលតាមអំពើចិត្តដែរ។ឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលដល់ក្រុងតាខ្មៅ ខេត្តកណ្តាល និងចូលដល់រាជធានីភ្នំពេញ យ៉ាងរលូនព្រោះមានការឃុបឃិតពីមេគយចល័តក្នុងខេត្តទាំង២នេះ។ប្រភពស្និទ្ធនឹងលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំទើបលោក កែវ ផាន ហ៊ានប្រព្រឹត្តអំពើពុករលួយតាមរបៀបជិះសេះលែងដៃគ្មានញញើតអ្វីៗទាំងអស់។
ក្រុមឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន គាបយកលុយលើតុក្រោមតុពីពួកគាត់កាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញក្លែងប្រភេទនិងបន្លែផ្លែឈើមានផ្ទុកសារធាតុគីមី ដើម្បីជាថ្នូរនឹងផលប្រយោជន៍ ផ្ទាល់ខ្លួន។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ហើយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេត។ ដោយសារថា ករណីលោក កែវ ផាន ប្រធានការិយាល័យគយច្រកភ្នំដិន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទបន្លែផ្លែឈើដែលមានផ្ទុកសារធាតុគីមី ត្រូវបានមន្ត្រីកាំកុងត្រូលចាត់វិធានការបង្ក្រាបច្រើនលើកមកហើយ ដែលទំនិញទាំងនេះនាំចូលមកពីវៀតណាម ។
No comments:
Post a Comment