សកម្មភាពជីករ៉ែត្បូងដោយខុសច្បាប់នៅស្រុកបរកែវខេត្តរតនៈគិរីសមត្ថកិច្ចជំនាញមិនទាន់បង្រ្កាបនៅឡើយ
ខេត្តរតន:គិរី÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកបរកែវ បានឲ្យដឹងថា សកម្មភាពនៃការលួចធ្វើអាជីវកម្មជីកកកាយយករ៉ែត្បូងដោយខុសច្បាប់ ជាច្រើនទីតាំងមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។ គេសង្ស័យ សមត្ថកិច្ចជំនាញ និងអាជ្ញាធរបើកភ្លើងខៀវឲ្យ មានសកម្មភាពខុសច្បាប់ទាំងនេះ។ ទីតាំងធ្វើអាជីវកម្មជីកកកាយយករ៉ែត្បូង,មាស ដោយខុសច្បាប់នោះក្រុមអ្នកយកព័ត៌មានបានចុះទៅដល់នៅថ្ងៃទី២០ខែសីហាឆ្នាំ២០២៤នាក្នុងតំបន់ស្រុកបរកែវ ខេត្តរតនគិរី។
ប្រភពមន្ត្រីមូលដ្ឋានម្នាក់បានឲ្យដឹងថា មានក្រុមកុងសែជាច្រើននាក់ កំពុងប្រកបរបរជីករ៉ែត្បូង ធ្វើអាជីវកម្មបែបអាណាធិបតេយ្យមិនស្របច្បាប់ ដោយប្រើប្រាស់កម្លាំងប្រជាពលរដ្ឋ ជាអ្នកចុះជីកកកាយដីយករ៉ែត្បូងពីក្នុងរណ្ដៅជ្រៅៗរាប់សិបម៉ែត្រឯណោះ ដោយប្រថុយប្រថាន នឹងគ្រោះថ្នាក់ដល់អាយុជីវិតបំផុត ដើម្បីតែរកត្បូងលក់ឲ្យកុងសែរអ្នកមាន។ អ្វីដែលជាចំណាប់អារម្មណ៍របស់អាជ្ញាធរមូលដ្ឋាននៅទីនោះគឺថា មិនឃើញសមត្ថកិច្ចជំនាញចុះទៅបង្ក្រាបទង្វើល្មើសច្បាប់ទាំងនេះទេ។ គេឃើញសមត្ថកិច្ចឯកសណ្ឋានចុះទៅដែរ ប៉ុន្តែហាក់ដូច ជាគ្រាន់តែទៅមើលប្រយោជន៍ពីបទល្មើសតែប៉ុណ្ណោះ។
ប្រភពបង្ហើបឲ្យដឹងថា ថ្មីៗនេះគេសង្កេតឃើញមានការជីករណ្ដៅកំពុងធ្វើសកម្មភាពនោះ នៅក្នុងបរិវេណដី ចម្ការកៅស៊ូ ឈ្មោះលោកប្រុស ស្ថិតនៅភូមិត្រុំ ឃុំឡាមុិញ ស្រុកបរកែវខេត្តរតគិរី ហើយមានកម្មករជាច្រើននាក់បានបោះតង់ រួចធ្វើសកម្មភាព ជីករណ្ដៅដីរករ៉ែត្បូង ដោយសំអាងថា ឈ្មោះប្រុសម្ចាស់ចម្ការនោះឲ្យជីករករ៉ែត្បូង។ ប្រភពពីកម្មករទាំងនោះបានបន្ថែមថា "បើបានត្បូងត្រូវលក់ឲ្យគាត់ តែបើអត់បានទេគាត់ជាអ្នកចេញ ថ្លៃបាយទឹកឱ្យ"។
ដោយឡែកទីតាំង១កន្លែងទៀត ស្ថិតនៅភូមិ១ ទីតាំង ស្រុកបរកែវចាស់ឃុំឡាមុិញស្រុកបរកែវ ក្នុងចម្ការកៅស៊ូ ក៏មានកម្មកររាប់សិបនាក់ដែលបានកំពុងធ្វើសកម្មភាព ជីករ៉ែត្បូងដែរ មើលទៅហាក់ដូច មិនខ្វល់រឿងខុសច្បាប់សោះឡើយ ។ ក្រុមកម្មករនៅទីតាំងនេះឱ្យដឹងថា មានថៅកែដូចជាឈ្មោះថា,ផលនិងឈ្មោះសី ជាកុងសែ ចាំទិញត្បូងនិងជាអ្នកជួយសម្រួល ជាមួយសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានផងដែរ។
ចំណែកទីតាំង១កន្លែងទៀត ស្ថិតនៅក្នុងភូមិកបត្រុំ ឃុំទីងចាក់ ស្រុកបរកែវ ក៏កំពុងធ្វើសកម្មភាពជីករណ្តៅរ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងដែរ ដោយគេប្រើម៉ាសុីន៥ទៅ៦ គ្រឿងឯណោះ ជាមធ្យោបាយបូមទឹកបាញ់ដីលាងរ៉ែត្បូង (បាញ់ញ៉)។ ម៉ាសុីនដែលប្រើប្រាស់នៅទីនោះត្រូវបានអ្នកភូមិឲ្យដឹងថា ជារបស់ប្អូនកុងសែធំម្នាក់នៅទីរួមខេត្តរតនគិរី។
លោក កង សារឿនអភិបាលស្រុកបរកែវ ប្រាប់ក្រុមអ្នក យកព័ត៌មានដែលបានចុះដល់ទីតាំងផ្ទាល់តាមប្រព័ន្ធ តេឡេក្រាម ដោយទទួលស្គាល់ថា សកម្មភាពជីករ៉ែត្បូងនៅទីតាំងខាងលើគឺជាកាលូចធ្វើដោយខុសច្បាប់មែន។លោកបាន បញ្ជាក់ទៀតថា កន្លងមកនៅក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពស្រុក លោកតែងតែលើកឡើងពីករណីនោះដែរ និងដាក់វិធានការតឹងរឹង ឲ្យសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនិងអប់រំណែនាំកុំឲ្យប្រជាពលរដ្ឋប្រកបរបរជីករ៉ែត្បូងបន្តទៀត។ ប៉ុន្ដែការឆ្លៀតឱកាសលួចលាក់វានៅតែបន្ដមានដដែល។
លោកអ៊ុង ហួរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី មិនអាចសុំការពន្យល់ ជុំវិញការធ្វើអាជីវកម្មជីករ៉ែត្បូងខុសច្បាប់នៅស្រុកបរកែវនោះបាទទេ ព្រោះទូរស័ព្ទលោករោទិ៍ហើយពុំមានអ្នកទទួល៕
No comments:
Post a Comment